ខ្ញុំបាទសូមធ្វើការវាយតម្លៃខ្ពស់បំផុត និងសូមគោរពកោតសរសើរ និងអបអរសាទរដោយស្មោះ ចំពោះកាយវិការដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្តល់ជំនួយជាម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជានជនឡាវ និងមីយ៉ាន់ម៉ារ ហើយកាលពីម្សិលម៉ិញសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្រេចផ្ដល់ម៉ាស់ និងគ្រឿងបរិក្ខារពេទ្យមួយចំនួនទៀតជូនទៅរដ្ឋាភិបាល និងប្រជាជនទីម័រខាងកើតផងដែរ សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតសកល កូវីដ១៩។ ពិតណាស់ទោះបីកម្ពុជា ជាប្រទេសក្រីក្រ តូចល្អិត ហើយត្រឹមតែជាប្រទេសមានចំណូលមធ្យមកម្រិតទាបក៏ពិតមែន ប៉ុន្តែបេះដូងមនុស្សធម៌របស់កម្ពុជាមិនតូចទេ គឺមានទំហំមហាសាល។ កាយវិការចែករំលែករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាបានឆ្លុះបញ្ចាំងពីគោលនយោបាយប្រទេសជិតខាងល្អរបស់ប្រទេសកម្ពុជា ជាពិសេសជាមួយប្រទេសឡាវ និងមីយ៉ាន់ម៉ារ ដែលជាសមាជិកអាស៊ានដូចគ្នា ហើយក៏ឆ្លុះបញ្ចាំងអំពីស្មារតីសាមគ្គីភាព ទាំងក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន ដែលចូលរួមចំណែកក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ានដែលតម្រូវឱ្យមានការជួយគាំទ្រគ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀត ទោះបីប្រទេសទីម័រខាងកើត មិនមែនជាសមាជិកអាស៊ានក៏ដោយ ប៉ុន្តែ ប្រទេសនេះក៏មានភូមិសាស្ត្រស្ថិតនៅក្នុងអាស៊ីអាគ្នេយ៍ ហើយរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសជាផ្លូវការហើយថា គាំទ្រសមាជិកភាពរបស់ទីម័រខាងកើត នៅក្នុងអាស៊ាន នៅពេលអនាគត។ អ្វីដែលសំខាន់ជាងនេះទៅទៀត យុទ្ធសាស្ត្រចែករំលែកដ៏គួរឱ្យកោតសរសើររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញឱ្យសាធារណជនទូទៅ ក៏ដូចជាប្រទេសជាមិត្ត និងពិភពលោកទាំងមូល បានយល់ច្បាស់អំពីវប្បធម៌ដ៏ប្រពៃមួយរបស់កម្ពុជា គឺវប្បធម៌នៃការចែករំលែក ដែលនឹងធ្វើឱ្យសកលលោកទាំងមូលដក់ដិតជាប់ក្នុងការចងចាំរបស់ពួកគេ។ ជាថ្មីម្តងទៀត កាយវិការដ៏ប្រពៃ និងគួរឱ្យស្ញប់ស្ញែងបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺពិតជាចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួច ហើយបង្ហាញឱ្យឃើញផងដែរនូវភាពជាអ្នកដឹកនាំដ៏ចាស់ទុំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រមុខដឹកនាំឆ្នើមជាន់ខ្ពស់នៅក្នុងតំបន់អាស៊ាន និងពិភពលោក។
-KKH